អនុសេនីយ៍ឯក សាន វិចិត្រ មន្ត្រីចរាចរណ៍គោលដៅស្ពានអាកាសផ្សារដីហុយ អាចនឹងទទួលបានការដាក់វិន័យកងកម្លាំងនគរបាលជាតិ ប្រសិនជារកឃើញថាមានកំហុស

ភ្នំពេញ៖ ដោយតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ មន្រ្តីជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែធ្វើការសាកសួរទៅកាន់លោកអនុសេនីយ៍ឯក សាន វិចិត្រ មន្ត្រីចរាចរណ៍ប្រចាំគោលដៅត្រង់ចំណុចស្តុបស្ពានអាកាសផ្សារដីហ៊ុយ។ នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ។
សេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យបានឲ្យដឹងថា៖ «បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម ជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបស្ពានអាកាសផ្សារដីហុយ លូកដៃសង្ស័យយកលុយពីអ្នកបើកបររថយន្តធុនធំដឹកអុសនោះភ្លាម។ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្រាវជ្រាវករណីនេះ ហើយអញ្ជើញមន្រ្តីនោះមកសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ បច្ចុប្បន្នលោកអនុសេនីយ៍ឯក សាន វិចិត្រ មន្ត្រីគោលដៅស្តុបស្ពានអាកាសផ្សារដីហុយ ត្រូវបានមន្រ្តីជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងសួរនាំដោយសុំគោលការណ៍ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសម្រេច»។
អ្នកនាំពាក្យនៃស្នងការនគរបាលភ្នំពេញបានគូសបញ្ជាក់ថា៖ «ប្រសិនមន្រ្តីខាងលើរកឃើញមានកំហុសបំពេញភារកិច្ចមិនគោរពច្បាប់ និងមិនគោរពវិន័យនគរបាលជាតិនិងប្រឈមសម្រេចអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។»
ដូចនេះបើយោងទៅតាមការសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យ អាចនិយាយបានថា លោកអនុសេនីយ៍ឯក សាន វិចិត្រ មន្ត្រីចរាចរណ៍គោលដៅស្ពានអាកាសផ្សារដីហុយ ប្រាកដជាទទួលបានការវិន័យកងកម្លាំងនគរបាលជាតិ ប្រសិនបើជាថ្នាក់លើរកឃើញថាពិតជាមានកំហុសមែននោះ៕



No comments