ថ្នាក់ដឹកនាំ ព្រមានធ្វើកិច្ចសន្យា និងដាក់ឲ្យអនុវត្តវិន័យរយៈពេល ០៣ខែ ចំពោះមន្ត្រីនគរបាលចរាចរណ៍ ខេត្តកណ្តាល

ខេត្តកណ្តាល៖ ករណីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលបានស្ទុះចេញមកឃាត់រថយន្ត pick up ហ្វត មួយគ្រឿងដែលកំពុងបេីកបរលើផ្លូវ ហើយក៏បានបណ្តាលឲ្យម្ចាស់រថយន្ត ហ្វត ជាន់ហ្រ្វាំងជាប់ ហើយមានរថយន្ដមួយគ្រឿងទៀត ជ្រុលមកបុកគូទរថយន្តហ្វតពីក្រោយ បណ្តាលឲ្យក្លាយទៅជាគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពេលនេះត្រូវបានថ្នាក់ដឹកនាំដាក់វិន័យ។ នេះបើយោងតាមការបំភ្លឺព័ត៌មាន របស់ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
អ្នកនាំពាក្យនៃស្នងការនគរបាលខេត្តកណ្ដាលបានបញ្ជាក់ប្រាប់សារធារណៈជន និងបណ្តាញសារព័ត៌មានឲ្យបានជ្រាបថា៖ «ការផ្សាយក្នុងគណនីហ្វេសប៊ុកឈ្មោះ Lay Kongkea ដែលបានបង្ហោះវីដេអូ សកម្មភាពមន្រ្តីនគរបាលចរាចរណ៍ដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ឋិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅរសៀលម៉ោង១៤.០០នាទីថ្ងៃខែដដែល ក្រុមការងារថ្នាក់ស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវបឋម»។
លុះព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានកោះហៅកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកចំនួន០៧នាក់ ឲ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធហេតុការណ៍ដែលបានកើតឡើងខាងលើនេះ។
ក្រោយពីសាកសួរ និងឆ្លើយបំភ្លឺរួច មន្រ្តីនគរបាលចរាចរណ៍ដែលមានការពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើ ត្រូវបានព្រមានជាលាយលក្ខណ៍អក្សរលើកទី១ ចំនួន០៤នាក់ និងអប់រំ ធ្វើកិច្ចសន្យាចំនួន០៣នាក់ ហើយដាក់ឲ្យអនុវត្តវិន័យរយៈពេល ០៣ខែ នៅការិយាល័យបុគ្គលិក។ អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប តាមការគួរ៕







No comments