សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ ត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នារសៀលថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលី ដើម្បីបួងសួងសុំសេចក្តីសុខក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តខេត្តកំពង់ធំ ឆ្នាំ២០២៥។
ពិធីក្រុងពលីនេះធ្វើឡើងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មន្រ្តីរាជកាសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ។
ព្រឹត្តិការណ៍សង្រ្កាន្តខេត្តកំពង់ធំ ឆ្នាំ២០២៥ ក៏មានទីតាំងសំខាន់ៗ សំរាប់រៀបចំសង្ក្រាន្ត និងតំបន់ត្រជាក់នៅតាមបណ្ដោយដងស្ទឹងសែន ក្នុងនោះមានដូចជា ការដាក់ពង្រាយពាងទឹកជាច្រើន ការដាក់តាំងនិងតុបតែង តំណាងស្រុក ក្រុង មានគោម ក្លោងទ្វារសង្រ្កាន្ត ផ្កាភ្ញី ក្រមា មួកស្លឹកត្នោត ស្តង់ផលិតផលក្នុងស្រុក ឆ្នេរខ្សាច់ផ្សាររាត្រី ពស់យក្សតំណាងឲ្យឆ្នាំម្សាញ់ និងតំណាងឲ្យប្រវត្តិខេត្តកំពង់ធំ និងការតុបតែងអំពូលភ្លើងចំរុះពណ៌ និងតន្ត្រីសម័យ។
គោលបំណងសំខាន់នៃការរៀបចំពិធីក្រុងពលីនេះ ធ្វើឡើងដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមឲ្យដំណើរការរៀបចំនានានៃព្រឹត្តិការណ៍ សង្រ្កាន្តខេត្តកំពង់ធំ ឆ្នាំ២០២៥ ដំណើរការទៅដោយរលូន និងមានសេចក្តីសុខ សិរីសួស្តីដល់ក្រុមការងារគ្រប់គ្នា។ ម្យ៉ាងទៀត ដើម្បីផ្តល់ឱកាសឱ្យយុវជនចូលរួមដោយស្ម័គ្រចិត្ត និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងបានបង្ហាញពីវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ ប្រពៃណី សាសនា ការរស់នៅរបស់ប្រជាពលរដ្ឋជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕



























No comments