ទីតាំងរោងចក្រផលិ.ត.បា.រី.ខុ.ស.ច្បាប់ កំពុងតែសំងំលាក់ខ្លួនយ៉ាងរំភើយ នៅខេត្តកំពង់ស្ពឺ ខណៈមន្ត្រីអាជ្ញាធរមូលដ្ឋាន កំពុងតែរក្សាភាពស្ងៀមស្ងាត់

ខេត្តកំពង់ស្ពឺ៖ ទីតាំងរោងចក្រផលិតបារីខុសច្បាប់ដ៏ធំ មួយកន្លែងស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងតែសំងំលាក់ខ្លួន ផលិតបារីគេចពន្ធបានយ៉ាងរំភើយ ខណៈមន្ត្រីអាជ្ញាធរមូលដ្ឋាន កំពុងតែរក្សាភាពស្ងៀមស្ងាត់។
តាមប្រភពព័ត៌មាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានប្រាប់សារព័ត៌មានឱ្យដឹងថា៖ ទីតាំងរោងផលិតបារីខាងលើនេះ កំពុងតែមមាញឹកយ៉ាងសស្រាក់ស្រាំក្នុងការបន្តផលិតបារីខុសច្បាប់ ហើយក៏មិនទាន់មានវត្តមានមន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញណាមួយចុះអនុវត្តនិងពិនិត្យមើលទីតាំងខាងលើនេះទេ។
ប្រភពព័ត៌មានបានបន្តឲ្យដឹងទៀតថា៖ ទីតាំងរោងចក្រផលិតបារីគ្មានច្បាប់ទម្លាប់ខាងលើនេះ គឺជារបស់ជនជាតិចិន និងមានមេការជាជនជាតិខ្មែរ ហើយទីតាំងផលិតបារីមួយកន្លែងនេះ កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាពកុមារ និងសុខមាលភាពប្រជាពលរដ្ឋជាសាធារណៈ ដែលកំពុងតែរស់នៅក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋជាច្រើនរស់នៅតំបន់ខាងលើ សំណូមពរទៅដល់លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ សូមមេត្តាជួយចុះត្រួតពិនិត្យមើលទីតាំងផលិតបារីខាងលើនេះផង។ ព្រោះទីតាំងនេះធ្វើឲ្យប៉ះពាល់សុខភាពកុមារក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅទីនោះខ្លាំងណាស់។
ប្រជាពលរដ្ឋជាច្រើនក៏សូមអំពាវនាវសំណូមពរទៅកាន់ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមជួយចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យទៅលើទីតាំងរោងចក្រផលិតបារីគេចពន្ធខាងលើនេះផង៕





No comments