ម្ចាស់ផ្ទះខ្លាំង ឬ មន្ត្រីមូលដ្ឋាន ខ្សោយ..? ទើបអាចបន្តបើកដំណើរការ ឱ្យមានល្បែងស៊ីសង ខុសច្បាប់បានដោយរលូន

ខណ្ឌពោធិ៍សែនជ័យ៖ មិនដឹងម្ចាស់ផ្ទះខ្លាំង ឬមួយក៏មន្ត្រីអាជ្ញាធរមូលដ្ឋាន ខ្សោយខ្លាចអំណាចម្ចាស់ទីតាំងល្បែងស៊ីសង ឬមួយក៏មន្ត្រីមូលដ្ឋានស្រវាំងភ្នែក ទើបម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះ នៅតែអាចបន្តបើកដំណើរការលេងល្បែងភ្នាល់ខុសច្បាប់បានដោយរលូន។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា៖ ទីតាំងមួយកន្លែងត្រង់ចំណុចជាប់របងមុខរោងចក្រ កាក់ដេរសំលៀកបំពាក់ C4E ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែបន្តបើកយុទ្ធនាការល្បែងស៊ីសងខុសច្បាប់ ប្រភេទឆ្នោតឡូតូ 8888 ដែលជាល្បែងភ្នាល់ដាក់លុយ ដែលនាំឱ្យប៉ះពាល់ដល់សុខសុវត្ថិភាពក្នុងសង្គម និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់ប្រទេសជាតិ។
សម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យមន្ត្រីអាជ្ញាធរគ្រប់មូលដ្ឋាន បង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងខុសច្បាប់ មិនឲ្យមានវត្តមាននោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដែលមានលោក សាយ ចំរើន ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ១ បែរជាបណ្តែតបណ្ដោយឱ្យមានល្បែងស៊ីសងខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ប្រជាពលរដ្ឋ សូមសំណូមពរដល់លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សូមចាត់មន្ត្រីជំនាញចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង៕




No comments