ចាប់បានជនសង្ស័យ ម្នាក់ហើយ នៅបក្ខពួកច្រើននាក់កំពុងគេចខ្លួន ពាក់ព័ន្ធករណីចាប់ជនជាតិចិន រហូតលោត ចេញពីរថយន្ដ ម៉ាកព្រុសព័ណ៌ក្រហម

ខេត្តកណ្តាល៖ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យពាក់ព័ន្ធករណីជនជាតិចិនលោត ចេញពីរថយន្ដ ម៉ាកព្រុសព័ណ៌ក្រហម កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចលើផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
យោងតាមអ្នកនាំពាក្យនៃស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា៖ «កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥:១០នាទី មានសារព័ត៌មានពីបណ្តាញសង្គមហ្វេសប៊ុក ថតបានសកម្មភាពជនជាតិចិនលោតចេញពីរថយន្តម៉ាក Prius នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ភ្លាមនោះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដោយមានកិច្ចសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ ចុះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ០១នាក់ ក្នុងករណីអំពើចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស»។
*ជនរងគ្រោះ ០១នាក់ មានឈ្មោះ LIU SEN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEN6418573 មានសុពលភាពលិខិតឆ្លងដែន ២៣.០១.២០៣៥ សុពលភាពទិដ្ឋាការ ០២.០៤.២០២៥ ។
*ជនសង្ស័យចំនួន០៥នាក់ ជនជាតិខ្មែរ និងបក្ខពួក ១.ឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិព្រៃឈើទាល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ (ឃាត់ខ្លួន) និងទី ២.ជនជាតិខ្មែរចំនួន ០៤នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ភេទប្រុស និងបក្ខពួក។
*វត្ថុតាងចាប់យករួមមាន៖ រថយន្ត ០១គ្រឿងម៉ាក TOYOTA PRIUS ពណ៌ក្រហម ផលិតឆ្នាំ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-5042, វ៉ាលី ពណ៌ប្រផេះ ០១ (របស់ជនរងគ្រោះ) ,អាវយឺតដៃខ្លី ពណ៌ខ្មៅ ០១
-អាវយឺតរងាដៃវែងមានមួក ពណ៌ខ្មៅ ០១ ,ខោខ្លី ពណ៌ខ្មៅ ០១ ,ទូរស័ព្ទ ០១គ្រឿង ម៉ាក OPPO ពណ៌ផ្ទៃមេឃ (មានបែកផ្ទៃខាងក្រោយ) ទូរស័ព្ទ ០១គ្រឿង ម៉ាក HUAWEI ពណ៌ខ្មៅ។
សភាពរឿងហេតុ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១១:០៥នាទី ឈ្មោះ ជា វុទ្ធី បានទៅដឹកជនរងគ្រោះឈ្មោះ LIU SEN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ចេញពីព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ ហើយបានបន្តដំណើរទៅយកបក្ខពួកចំនួន០៣នាក់ទៀត ភេទប្រុស ជាជនជាតិខ្មែរ នៅម្តុំផ្លូវក្រវ៉ាត់ក្រុងទី៣។
ពេលមកដល់ផ្លូវក្រវាត់ក្រុងទី៣ ខ្លួនបានឃើញបក្ខពួករបស់ខ្លួន ពាក់អាវ ពណ៌ខ្មៅ ឈរនៅចិញ្ចើមផ្លូវ ហើយខ្លួនបានអែបរថយន្ត ហើយបក្ខពួកក៏បានឡើងលើរថយន្តដោយម្នាក់បានមកជិះខាងមុខស្តាំដៃខ្លួន រីឯបក្ខពួកចំនួន ០២នាក់ទៀត បើកទ្វារក្រោយចូលក្នុងរថយន្ត រួចខ្លួនក៏បានធ្វើដំណើរបន្តទៅមុខ ទិសដៅទៅបាវិត។
លុះបានបន្តិចបក្ខពួក០២នាក់ ដែលជិះខាងក្រោយនោះបានប្រតាយប្រតប់ជាមួយជនរងគ្រោះ នឹងបានដកហូតយកទូរស័ព្ទ ហើយម្នាក់ដែលជិះនៅខាងមុខ ក៏បានស្ទុះមកជួយ ហើយស្រែកថា ជួយចាប់គ្នាៗទៅ ពេលនោះជនរងគ្រោះបាននិយាយជាភាសាចិនវិញ ហើយក៏ប្រតាយប្រតប់គ្នាប្រហែល១០នាទី ដោយរូបខ្លួនមានការភ័យខ្លាចក្រឡាប់រថយន្ត ព្រោះជនរងគ្រោះបានស្ទុះបើកទ្វារឆ្វេងខាងក្រោយ និងប៉ះដៃចង្កូតរថយន្ត ក្រោយមកទៀតជនរងគ្រោះក៏បានរើបម្រាសខ្លួន រួចចុចកញ្ចក់ទម្លាក់ ហើយ ស្ទុះលោតចេញតាមកញ្ចក់ទ្វារឡាន តែត្រូវបក្ខពួកខ្លួនទាំង០៣នាក់ ខ្លះចាប់ដៃ ខ្លះចាប់ជើង ហើយខ្លួនបានស្រែកឱ្យបក្ខពួកប្រឡែងជនរងគ្រោះ រួចខ្លួនក៏បានបន្ថយល្បឿនរថយន្ត ហើយជនរងគ្រោះបានលោតចេញពីរថយន្តតែម្តង។
ភ្លាមៗនោះ ឈ្មោះ ជា វុទ្ធី ជាអ្នកបើករថយន្ដ បានទាក់ទងទៅឈ្មោះ ឧត្តម ដែលជាអ្នកចាត់ចែង នឹងបានប្រាប់ថា «បងៗ វារត់រួចហើយ បន្ទាប់មកឈ្មោះ ឧត្តម នោះ ក៏ឱ្យខ្លួនទម្លាក់បក្ខពួក០៣នាក់នោះចុះ រួចឲ្យខ្លួនគេចទៅណាទៅៗ ផុតពីកន្លែងហ្នឹង»។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ កំពុងតែបន្តធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យពាក់ព័ន្ធដែលកំពុងតែរត់គេចខ្លួន យកមកចាត់ការតាមនីតិវិធីច្បាប់ឱ្យខានតែបាន៕









No comments