ផ្លូវជាតិលេខ៥៥ ជាផ្លូវទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាត សម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលពីក្នុងតំបន់ ទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស

ផ្លូវជាតិលេខ៥៥ ជាផ្លូវឡើងចុះភ្នំ បត់បែន អមដោយធម្មជាតិបៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែគួរឱ្យគយគន់។
ផ្លូវជាតិនេះ មានប្រវែងសរុប ១៨៩,១៦គីឡូម៉ែត្រ ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) ដែលបើកការដ្ឋានសាងសង់នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្រោមការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ផ្លូវនេះ ជាប្រភេទផ្លូវDBST ដែលតភ្ជាប់ចាប់ពីផ្លូវប្រសព្វផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ ១៩១+១៥០រហូតដល់ភ្នំក្រវាញ-ស្រុកវាលវែង-ថ្មដាខេត្តពោធិ៍សាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។
ការសាងសង់ផ្លូវនេះ បានធ្វើឡើងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា៕







No comments