ករណីផ្ទុះអាវុធ នៅខេត្តព្រៃវែង ជនរងគ្រោះ ទទួលបានថ្លៃព្យាបាល និងសំណង ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

យោងតាមសេចក្តីបំភ្លឺព័ត៌មាន ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងថា៖ ជនរងគ្រោះដែលបានរងរបួស ដោយសារត្រូវគ្រាប់កាំភ្លើង កាលពីថ្ងៃទី២៧ ខែធ្នូ២០២៤ ត្រង់ចំណុចផ្លូវជាតិលេខ១ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងទទួលបានថ្លៃព្យាបាល និងសំណងផ្សេងៗទៀត ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
សេចក្តីបំភ្លឺបានឱ្យដឹងទៀតថា៖ ករណីផ្ទុះអាវុធគឺជាការបង្កឡើងដោយមន្ត្រីនគរបាលថ្នាក់ជាតិរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងប្រតិបត្តិការចុះស៊ើបអង្កេតស្រាវជ្រាវ និងបង្រ្កាបបទល្មើសចាប់ជំរិតទាមទារប្រាក់ ក្នុងទីតាំងទឹកដីខេត្តស្វាយរៀង។
ក្នុងកិច្ចប្រតិបត្តិការកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានជិះរថយន្តចំនួនពីរគ្រឿង ហើយក៏បានប្រទះឃើញរថយន្តព័ណ៌ស ១គ្រឿងម៉ាក់ស្តារិច ដែលមានភិនភាគដូចគ្នាទៅនឹងរថយន្តជនល្មើសចាប់ជំរិតទារប្រាក់ ទើបកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បើករថយន្តដេញតាមប្រមាញ់ និងបានកាក់ឃាត់រថយន្តសង្ស័យដើម្បីសួរនាំ តែរថយន្តម៉ាកស្តារិច មិនព្រមសហការបែរបន្តបើករត់គិច ទើបកម្លាំងសមត្ថកិច្ចសម្រេចបាញ់ទៅលើរថយន្តរបស់ជនរងគ្រោះជាច្រើនគ្រាប់។
យ៉ាងណាករណីខាងលើនេះ សមត្ថកិច្ចក៏ព្រមទទួលស្គាល់កំហុស និងព្រមទទួលខុសត្រូវទាំងស្រុងចំពោះឧបទ្ទវហេតុមួយនេះ៕
សូមអានលម្អិតព័ត៌មានក្នុងសេចក្ដីបំភ្លឺខាងក្រោម៖








No comments