សៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ត្រូវបានប្រគល់ ជូនអ្នកសារព័ត៌មាន ជាច្រើនអង្គភាពតាមរយៈ លោក មីន ចាន់ធី ប្រធានសមាគម

ដោយមានការចង្អល់បង្ហាញពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានពាំនាំយកនូវសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាអំណោយរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន មកប្រគល់ជូនដល់អ្នកសារព័ត៌មានជាច្រើនអង្គភាព នៅទីស្នាក់ការសមាគម ស្ថិតនៅសង្កាត់កន្តោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ទើបតែចេញបោះពុម្ព នៅក្នុងខែសីហា ឆ្នាំ២០២៤ ដើម្បីចែកជូនអ្នកសារព័ត៌មាន ក្នុងគោលបំណងបណ្តុះនិងបញ្ជ្រាបផ្នត់គំនិតក្នុងការផ្សារភ្ជាប់សេរីភាពខាងសារព័ត៌មាន ព្រមទាំងតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ សំដៅធានា ភាពពិតត្រឹមត្រូវស្មោះត្រង់ យុត្តិធម៌ មិនលម្អៀង និងគោរពសិទ្ធិអ្នកដទៃ។
បន្ទាប់ពីចែកជូនសៀវភៅដែលប្រព្រឹត្តទៅដោយភាពរីករាយ រួចមក អ្នកសារព័ត៌មានក្នុងអង្គពិធីទាំងមូលក៏សម្តែងចេញនូវក្តីរីករាយអមដោយស្មាមញញឹម និងជូនពរលោកប្រធានសមាគម ឱ្យមានសុខភាពល្អផងដែរ៕


No comments