លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានប្រើកណ្ដាប់ដៃដែកបំបែកបានគ្រឿងញៀនជាង១០០គីឡូក្រាម និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនបាន៦នាក់

លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានប្រើកណ្ដាប់ដៃដែកបំបែកបានគ្រឿងញៀនជាង១០០គីឡូក្រាម និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនបាន៦នាក់
កណ្ដាល៖ ពិតជាខ្លាំងមែនកណ្ដាប់ដៃដែករបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយបើកកិច្ចសហការជាមួយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចុះបើកប្រតិបត្តិការបង្ក្រាបបណ្តាញក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែនខុសច្បាប់ និងបានរឹបអូសគ្រឿងញៀននិងសារធាតុគីមីផ្សំជាង១០៤គីឡូក្រាម។
ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន , លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងលោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមានការសម្របសម្រួលនិតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សារព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ស្នងការផ្ទាល់ និងកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ព្រមទាំងមានការចូលរួមពីកម្លាំងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោក សេង រិទ្ធី ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តកណ្តាល និងលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត-ស្រាវជ្រាវ ឈានដល់ការបង្ក្រាបករណីកែច្នៃរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន សរុបចំនួន ៦គោលដៅ នៅរាជធានីភ្នំពេញ និងបានឃាត់ខ្លួនបណ្តាញឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែនខុសច្បាប់ សរុបចំនួន ៦នាក់ ក្នុងនោះមានជនជាតិចិន ៥នាក់ និងវៀតណាម ១នាក់។
លោកឧត្ដមសេនីយ៍បានបញ្ជាក់ថា៖ ក្នុងប្រតិបត្តិការដ៏ក្ដៅគគុកនេះដែរ កម្លាំងសមត្ថកិច្ចក៏ចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
*១-សារធាតុញៀនសរុបទម្ងន់ ៩៤៧៩៣,៨៤ក្រាម (៩៤គីឡូ និង ៧៩៣,៨៤ក្រាម)
*២-ល្បាយគីមីផ្សំ P2P និង MAPA សរុបទម្ងន់ ១០៥១៩,៨៨ ក្រាម (១០គីឡូ និង ៥១៩,៨៨ក្រាម)
*៣-កាំភ្លើងខ្លី ចំនួន០២ដើម
*៤-កាំភ្លើងខ្លីកែច្នៃ ពណ៌ស ចំនួន០២ដើម
*៥-រថយន្ត ចំនួន០៣គ្រឿង
*៦-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០៥គ្រឿង
*៧-ទូរស័ព្ទចំនួន១២គ្រឿង
*៨-ឧបករណ៍កែច្នៃគ្រឿងញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនធំ។
ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានបញ្ជាក់ទៀតថា៖ បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ខាងលើ រួមទាំងវត្ថុតាង គឺត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋានរបស់លោកបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលរួចរាល់ហើយនារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ៕















No comments